កុំឲ្យខាតពេលយូរ តោះមកស្វែងយល់ជាមួយគ្នាថា តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលអ្នកគួរតែយល់ដឹង ពេលមករៀនបន្តនៅភ្នំពេញ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ត្រូវស្គាល់ទិសតំបន់ ឲ្យបានច្បាស់លាស់
រាល់ពេលផ្លាស់ទី ទៅណាមកណា អ្នកគួរតែ កុំទៅតែម្នាក់ឯង ព្រោះអាចនាំឲ្យអ្នកវង្វេងផ្លូវបានយ៉ាងងាយ។ ហើយអ្នកគួរតែចេះប្រើ Google Map។ អ្នកកត្រូវស្គាល់ពីទីតាំង ដែលកំពុងស្នាក់នៅ និងទីតាំងដែលអ្នកត្រូវទៅជាញឹកញាប់។ រឹតតែពិសេសទៀតនោះ អ្នកគួរយល់ និងកត់សម្គាល់ពីស្លាកសញ្ញាចរាចរណ៍នានា ពិសេសភ្លើងស្តុប ស្លាកហាមបត់ឆ្វេង បត់ស្ដាំ បត់ក្រោយ... ជាដើម ព្រោះវាអាចធ្វើឲ្យអ្នក ត្រូវអស់លុយ បើត្រូវប៉ូលីសផាកពិន័យ។
២. ដឹងពីរបៀប រកផ្ទះជួល
ការជ្រើសរើសទីតាំង សម្រាប់ស្នាក់នៅ ពិតជាសំខាន់ណាស់ ព្រោះវាជួយអ្នកបានច្រើនយ៉ាង ហេតុនេះអ្នកត្រូវយល់ដឹងពី ទីតាំងផ្ទះមួយចំនួន ដែលអ្នកមិនគួរជួល មានដូចជា ផ្ទះដែលមានផ្លូវចូលជ្រៅពេក ហើយស្ងាត់ ផ្ទះដែលមានផ្លូវចូលតូចពេក ផ្លូវលិចទឹក ឬផ្លូវតូចគ្មានភ្លើង ពិសេសគួរតែប្រយ័ត្ន តំបន់ជនពាល តំបន់ដែលមាននារីរកស៊ី ឬតំបន់អនាធិបតេយ្យ។ សូម្បីតែតំបន់ផ្លូវរថភ្លើង តំបន់មានមនុស្សចូលចិត្តផឹកស៊ី ស្រែកឡូឡា និងផ្ទះឆ្ងាយពីសាលា ក៏ត្រូវចៀសវាងដែរ។
ព្រោះតំបន់ទាំងនោះ ដែលបានរៀបរាប់ខាងលើ អាចប៉ះពាល់ដល់សុវត្ថិភាពអ្នក និងរំខានដល់ការ សិក្សារបស់អ្នកទៀតផង។
៣. នៅសាលារៀនក៏ត្រូវដឹង
អ្នកគួរតែ កុំអង្គុយតែម្នាក់ឯង ទោះនៅក្នុងបរិវេនសាលា ព្រោះវាអាចមានផលអាក្រក់ពីរយ៉ាងគឺ ៖
- ទីមួយ «អ្នកអាចនឹងជួបក្រុមមនុស្ស ខាងផ្សព្វផ្សាយសាសនា ឬនិយាយបញ្ចុះបញ្ចូលអ្នក ប្រាប់ពីផលប្រយោជន៍ផ្សេងៗ ដើម្បីឲ្យអ្នកចាប់អារម្មណ៍»។
-ទីពីរ «អ្នកអាចនឹងត្រូវជួប ក្រុមមនុស្សមួយពួក ដែលដើរស្វែងរកសិស្សនិស្សិត ដើម្បីអូសទាញទៅរៀននៅសាលារបស់គេ។ សាលាអស់ទាំងនោះ ភាគច្រើនជាសាលាបោកប្រាស់»។
៤. សេពគប់មិត្តក៏ត្រូវដឹង
នៅសាកលវិទ្យាល័យ មានសិស្សមកពីតំបន់ផ្សេងៗគ្នា ហេតុដូច្នេះអ្នកគួរតែចេះរាប់អាន ជាមួយពួកគេទាំងអស់ ប៉ុន្ដែអ្នកគួរជ្រើសរើសស្និទ្ធស្នាល ជាមួយតែអ្នករៀន ឬមិត្តដែលមានគុណភាព នាំអ្នកទៅរកភាពរីកចម្រើនបានហើយ។ ចាំបាច់បំផុត អ្នកត្រូវមានទំនាក់ទំនងជាមួយសិស្សច្បង ព្រោះថ្ងៃក្រោយ ជៀសមិនផុតទេ អាចនឹងត្រូវពិគ្រោះយោបល់ ទាក់ទងនឹងជំនាញរៀន ពីរៀមច្បង។
៥. ការទំនាក់ទំនង ឬជំនាញប្រាស្រ័យទាក់ទង ក៏ត្រូវតែដឹងដែរ
អ្នកគួរតែចេះពីជំនាញប្រាស្រ័យទាក់ទង ដើម្បីរក្សាទំនាក់ទំនងល្អ ជាមួយមនុស្សជុំវិញខ្លួន មិនថាក្មេងឬចាស់ សិស្សច្បង សិស្សប្អូន លោកគ្រូ អ្នកគ្រូសាស្តា្រចារ្យ ព្រោះអាចមានប្រយោជន៍សម្រាប់អ្នក នៅថ្ងៃណាមួយ។
៦. ត្រូវដឹងថា រៀនសាកលវិទ្យាល័យ គឺមានកិច្ចការស្រាវជ្រាវច្រើន
ចំណុចនេះ ទាមទារឲ្យអ្នកអានឯកសារច្រើន ដើម្បីបានចំណេះដឹង និងទិន្នន័យ យកទៅសរសេរឲ្យគ្រូ។ អ្នកគួរចេះប្រើកុំព្យូទ័រ វគ្គ Word Excel, PowerPoint និងការប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណែតឲ្យបានល្អ ព្រោះកិច្ចការស្រាវជ្រាវ តម្រូវឲ្យអ្នកវាយតាមកុំព្យូទ័រ គ្រូខ្លះតម្រូវឲ្យអ្នកផ្ញើរតាម Email ទៀតផង។
៧. ពិន្ទុ GPA
ជាការពិតណាស់ GPA ខ្ពស់ វាពិតជារឿងសំខាន់សម្រាប់និស្សិតឆ្នាំទី១ ដែលមានបំណងចង់ប្រលងប្រជែង និងដាក់ពាក្យសុំអាហាររូបករណ៍ ទៅសិក្សានៅក្រៅប្រទេស។ កាលណាមាន GPA ខ្ពស់ មានកម្រិតភាសាបរទេសល្អ គឺអ្នកនឹងមានឱកាសច្រើន សម្រាប់ការប្រកួតប្រជែងនេះ។
៨. ចូលរួម Event ឬកម្មវិធីសំខាន់ៗ
អ្នកគួរចំណាយពេលចុងសប្ដាហ៍ ដើម្បីចូលរួម កម្មវិធីសំខាន់ៗ ដែលមានប្រយោជន៍ សម្រាប់ជាជំនួយដល់ការៀនសូត្ររបស់អ្នក។ កម្មវិធីមួយចំនួនធំ ភាគច្រើន គេធ្វើ Free ដូចជាកម្មវិធីនិយាយពីជីវិតជោគជ័យ ការចែករំលែកបទពិសោធន៍ ការចែករំលែកចំណេះដឹងផ្សេងៗ ដែលទាំងនោះ វាសុទ្ធតែជាគន្លឹះ ដែលអាចជួយពង្រឹង និងពង្រីកចំណេះដឹងរបស់អ្នក ឲ្យកាន់តែរីកចម្រើន។
៩. តាមដានព័ត៌មាន ទាក់ទងនឹងអាហាររូបករណ៍ កម្មសិក្សា ការរៀនវគ្គខ្លី ការជ្រើសរើសអ្នកស្ម័គ្រចិត្ត (Volunteer) ការបង្ហោះផ្សាយជ្រើសរើសបុគ្គលិក... ដើម្បីរកការងារធ្វើ និងមានឱកាសអាចដាក់ពាក្យ សុំអាហារូករណ៍បានទាន់ពេលវេលា ហើយអាចធ្វើការក្រៅម៉ោងខ្លះ ដើម្បីជួយកាត់បន្ថយបន្ទុកគ្រួសារ។
១០. ពង្រឹងការអាន មានសេចក្ដីក្លាហាន ហ៊ានសួរ ពេលដែលឆ្ងល់ និងខិតខំរៀន
គ្រប់សៀវភៅសុទ្ធតែមានអត្ថប្រយោជន៍ទាំងអស់ ហេតុនេះការអាន គឺជារឿងចាំបាច់បំផុត សម្រាប់អ្នក ព្រោះសៀវភៅផ្ដល់ជាមេរៀន ផ្ដល់បទពិសោធន៍ ពុទ្ធិ ចំណេះដឹងផ្សេង។
អ្នកក៏ត្រូវតែមានភាពក្លាហាន ហ៊ានសួរ ឆ្ងល់ ឆ្លើយ ដើម្បីអភិវឌ្ឍចំណេះដឹងរបស់អ្នក ឲ្យកាន់តែប្រសើរជាងមុន។
ខំរៀននៅក្នុងថ្នាក់ ខំសួរគ្រូ ពិសេសពេលទំនេរនៅសាលា អ្នកគួរចូលបណ្ណាល័យអានសៀវភៅ។
១១. តើត្រូវធ្វើបែបណា ដើម្បីកុំឲ្យមានអារម្មណ៍ឯកា នឹកផ្ទះ?
ពាក្យថានឹកផ្ទះពេលនេះ គឺចង់សំដៅជាពិសេសទៅលើ ការនឹករលឹកឪពុកម្ដាយ អាណាព្យាបាល បងប្អូន ពូមីងយាយតាជាដើម។
អារម្មណ៍នឹកស្រណោះ គ្រាធ្លាប់រស់នៅជុំគ្នា។ ធ្លាប់មកពីរៀនវិញ មានបាយញ៉ាំស្រាប់ តែដល់ពេលឡើងមករៀននៅភ្នំពេញ អត់មានអ្នកណានៅរង់ចាំបាយ គ្រប់យ៉ាងត្រូវធ្វើដោយខ្លួនឯងង។
ប៉ុន្ដែកុំបារម្ភអី គ្រប់យ៉ាងគឺជាមេរៀនជីវិត អ្នកត្រូវតែហែលឆ្លងឲ្យដល់ទីបំផុត ហើយរកអ្នកដែលអាចជួយលួងលោមចិត្តអ្នក។ ពេលមានអារម្មណ៍បែបនេះ អ្នកក៏ត្រូវដឹងពីវិធីសាស្រ្តលួងខ្លួនឯង ដោយការរកអ្វីផ្សេងធ្វើ អ្វីដែលធ្វើឲ្យអ្នករីករាយ ដូចជាស្ដាប់បទចម្រៀង អានសៀវភៅ ហាត់ប្រាណ ដើរលេង ឬសម្រាកលំហែ។ អ្នកក៏អាចនិយាយពាក្យក្នុងចិត្ត ប្រាប់អ្នកណាម្នាក់ជាដើម៕
ចុះអ្នកវិញ តើអ្នកមានបទពិសោធន៍ ជួបបញ្ហា និងទុក្ខលំបាកអ្វីខ្លះ ពេលផ្លាស់មករៀន និងធ្វើការនៅភ្នំពេញ?