មើលយ៉ាងណាទើបដឹងថា ប្រុសតារានិករទាំង ១២ ស្រលាញ់អ្នកពិតប្រាកដ?

//s9.kh1.co/ed/ede2b6164f109badda0442e4a8f642a64b80b3fb.jpeg
កម្សាន្ត

 ១០-ឧសភា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ចង់ដឹងថាតើដៃគូរបស់អ្នកពិតជាច្បាស់លាស់ ពិតប្រាកដជាមួយអ្នកទេ? តោះ! មកអានទាំងអស់គ្នា!

យល់ដឹង ៖ ធម្មតាជាមនុស្សស្រីតែងតែប្រាថ្នាចង់បាន ស្នេហាមួយដែលស្មោះត្រង់ ហើយជារៀងរហូត។ម៉្យាងវិញទៀត នៅពេលពួកគេមានដៃគូហើយ ក៏តែងតែលួចគិតម្នាក់ឯងថា តើដៃគូរបស់នាង ពិតជាច្បាស់លាស់ និងស្រលាញ់នាង ដោយពិតប្រាកដឬអត់? ព្រោះការជ្រើសរើសគូស្រករសម្រាប់ជីវិត មិនមែនជារឿងងាយស្រួល ថែមទាំងមិនមែនជាការលេងសើច ហើយក៏វាអាចនឹងឈឺចាប់ខ្លាំង នៅពេលដែលស្នេហានោះមិនបានត្រូវបែកបាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមកមើលការទស្សទាយ តាមរយៈតារានិកររបស់ពួកគេ ថាតើមើលយ៉ាងណាទើបដឹងថា គេស្រលាញ់អ្នកពិតប្រាកដ។

រូបតំណាង
រូបតំណាង

បើគេជាប្រុសតារានិករ Aries ♈️ (Mar 21 – Apr 19)

មុនពេលសម្រេចចិត្តអ្វីមួយ តើប្រុស Aries មានសួរយោបល់អ្នកទេ? 

ពេលទៅញាំអី ឬទៅដើរលេង គេមានសួរថា «អូនចង់ទៅណា? អូនចង់ញាំអី?» ទេ? 

តាមធម្មតា មនុស្សប្រុសដែលជាតារានិករ Aries ភាគច្រើនផ្តាច់ការ តាមតែចិត្តខ្លួនឯង មិនចូលចិត្តស្តាប់តាមសម្តីអ្នកណា តែបើគេសួរយោបល់អ្នក ហើយព្យាយាមធ្វើតាមសម្តីអ្នក លះបង់ភាពផ្តាច់ការនោះដើម្បីអ្នក (ទោះពេលខ្លះមិនអាចលះបង់បានទាំងស្រុង តែគេក៏បានព្យាយាម) មានន័យថា គេពិតជាស្រលាញ់អ្នកខ្លាំងណាស់ហើយ។

បើគេជាប្រុសតារានិករ Taurus ♉️ (Apr 20 – May 20)

ប្រុសៗ Taurus បើស្រលាញ់អ្នកណាម្នាក់ខ្លាំង គេអាចនឹងក្លាយជាសង្សារកំពូលហួងហែង ពេលខ្លះអាចនឹងលើស ដល់អ្នកស្ទើរតែទ្រាំលែងចង់បាន។ តែធាតុពិតដែលគេហួងហែងពីអ្នកខ្លាំង ស្ទើរគ្រប់នាទីនោះ គឺមកពីគេស្រលាញ់អ្នក ចឹងហើយទើបបារម្ភខ្វល់ខ្វាយពីសុខទុក្ខអ្នក ដោយហាមមិនបាន។

បើគេជាប្រុសតារានិករ Gemini ♊️ (May 21 – Jun 20)

ពេលអ្នកទាំងពីរនិយាយគ្នា តើអ្នកណានិយាយច្រើនជាង? 

គេនិយាយតែម្នាក់ឯង ហើយអ្នកចាំតែអង្គុយស្តាប់ ហើយងក់ក្បាលផ្ងក់ៗ? ឬគេចូលចិត្តស្តាប់អ្នកនិយាយដែរ? ជាទូទៅ បុរស Gemini នេះ ចូលចិត្តនិយាយច្រើនជាងស្តាប់ តែបើគេយកចិត្តទុកដាក់ស្តាប់ ពេលដែលអ្នកនិយាយ មានន័យថាគេធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមែនទែនហើយ។

បើគេជាប្រុសតារានិករ Cancer ♋️ (Jun 21 – Jul 22)

គេមានណែនាំអ្នក ឲ្យគ្រួសារគេស្គាល់ហើយឬនៅ? 

ដូចយើងដឹងស្រាប់ហើយថា តារានិករ Cancer នេះ ស្រលាញ់ក្រុមគ្រួសារណាស់។ គ្រួសារសម្រាប់គេគឺសំខាន់បំផុត អញ្ចឹងហើយ គេមិនងាយនាំអ្នកណាទៅផ្ទះគេតែផ្តេសតែផ្តាសទេ។ បើគេសម្រេចចិត្តណែនាំអ្នកឲ្យប៉ាម៉ាក់ បងប្អូន គេស្គាល់ជាផ្លូវការហើយ មានន័យថា គេប្រាកដក្នុងចិត្តហើយ ថាអ្នកជានារីដែលគេនឹងរៀបការជាមួយ នៅថ្ងៃអនាគត។

បើគេជាប្រុសតារានិករ Leo ♌️ (Jul 23 – Aug 22)

បុរស Leo មោទនភាពចំពោះខ្លួនឯងណាស់ ក៏មិនងាយបង្ហាញចំនុចខ្សោយរបស់ខ្លួន ឲ្យអ្នកណាបានឃើញងាយៗដែរ តែបើអ្នកជានារីដែលគេស្រលាញ់ពិត អ្នកនឹងបានឃើញ ពីភាពទន់ជ្រាយខាងក្នុងរបស់គេ ជាធាតុពិត នៅពីក្រោយរបាំងមុខ Mr.Perfect នោះ ដែលមិនងាយនឹងមានអ្នកណាបានឃើញ។

បើគេជាប្រុសតារានិករ Virgo♍️ (Aug 23 – Sep 22)

តើអ្នកមានអារម្មណ៍ថា គេធ្វើខ្លួនដូចជាលោកប៉ា ដែលតែងតែប្រៀនប្រដៅ ទូន្មានអ្នកដែរទេ? 

ពេលឃើញអ្នកធ្វើអ្វីខុស គេមានស្តីបន្ទោសឲ្យអ្នក ដូចអ្នកម៉ាក់ដែរទេ? 

គេមានព្យាយាមកែលម្អអ្នក ដាស់តឿនអ្នកឲ្យធ្វើអ្វីល្អៗទេ? 

បើគេធ្វើបែបនោះ ច្បាស់ណាស់ ថាគេស្រលាញ់អ្នកពិតប្រាកដ បើមិនស្រលាញ់គេក៏មិនខ្វល់ដែរ គេស្រលាញ់អ្នក ទើបគេចង់អោយអ្នកល្អ ដូចប៉ាម៉ាក់ស្រលាញ់កូនចឹង។

បើគេជាប្រុសតារានិករ Libra ♎️ (Sep 23 – Oct 22)

មនុស្សប្រុសដែលជាតារានិករនេះ ឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយបើស្នេហ៍ហើយ គឺតាមស្អិតដូចតុកកែចឹង ហួងហែងខ្លាចរបូតអ្នក ទៅដៃអ្នកផ្សេងទៀតផង។ តែបើគេស្រលាញ់អ្នកពិត គេនឹងជឿជាក់លើស្នេហានេះ គេនឹងទុកចិត្តអ្នក លែងប្រចណ្ឌផ្តេសផ្តាស ហើយកាត់បន្ថយអាការៈហួងហែងលើសលុបរបស់គេ ដើម្បីរក្សា relationship របស់អ្នកទាំងពីរ។

បើគេជាប្រុសតារានិករ Scorpio ♏️ (Oct 23 – Nov 21)

តារានិករ Scorpio ជាមនុស្សអាថ៌កំបាំង មិនងាយបង្ហាញអារម្មណ៍ឲ្យគេដឹង។ គ្មានអ្នកណាដឹងថា គេមានអារម្មណ៍បែបណា ឬកំពុងគិតអ្វីទេ។ តែបើអ្នកមានអារម្មណ៍ថា គេបើកទ្វារ ឲ្យអ្នកបានចូលទៅក្នុងអាណាចក្ររបស់គេ ឲ្យអ្នកឃើញ និងដឹងពីរឿងគ្រប់យ៉ាងរបស់គេ ទាំងពេលសប្បាយ ពេលឈឺចាប់ ពេលកើតទុក្ខ នោះមានន័យថា អ្នកគឺជានារីសំណាងបំផុត ដែលបានក្លាយជា Queen ក្នុងអាណាចក្រករបស់គេ។

បើគេជាប្រុសតារានិករ Sagittarius ♐️ (Nov 22 – Dec 21)

តើអ្នកទាំងពីរធ្លាប់និយាយគ្នាពីរឿងរៀបការ ឬផែនការគ្រួសារ ថ្ងៃអនាគតជាមួយគ្នាទេ? 

តើគេមានប្រតិកម្មបែបណាដែរ? គេគេចមិនចង់និយាយពីរឿងហ្នឹង ឬក៏គេរំភើបនឹងនិយាយពីផែនការថ្ងៃអនាគតជាមួយអ្នក? 

ជាទូទៅ តារានិករនេះស្រលាញ់សេរីភាពជាទីបំផុត មិនចង់ជាប់ដៃជាប់ជើងជាមួយអ្នកណាទេ តែបើគេគិតពីអនាគត មានបំណងចង់រៀបការ បង្កើតគ្រួសារជាមួយនឹងអ្នក អ្នកអាចទុកចិត្តបានថាគេ ពិតជាស្រលាញ់អ្នកខ្លាំងណាស់។

បើគេជាប្រុសតារានិករ Capricorn ♑️ (Dec 22 – Jan 19)

បើអ្នកមាន boyfriend ជាតារានិករ Capricorn អ្នកពិតជាដឹងច្បាស់ថា គេជាមនុស្សច្បាស់លាស់ ម៉ត់ចត់នឹងការងារ ហើយមានគោលដៅច្បាស់លាស់ គឺភាពជោគជ័យ។ បើគេឆ្លៀតពេលទំនេរពីការងារដ៏មមាញឹករបស់គេ មកចំណាយពេលនៅជាមួយអ្នក ច្បាស់ណាស់ថា អ្នកសំខាន់សម្រាប់គេប៉ុណ្ណា។ 

គេអាចវក់នឹងការងារ គេអាចនឹងរវល់សឹងតែគ្មានពេលញ៉ាំបាយ 

ប៉ុន្តែគេនៅតែឆ្លៀត នៅតែមានពេលសម្រាប់អ្នក ព្រោះអ្នកជាមនុស្សសំខាន់ ជាមនុស្សដែលគេស្រលាញ់ពិតប្រាកដ។

បើគេជាប្រុសតារានិករ Aquarius ♒️ (Jan 20 – Feb 18)

គេនិយាយពាក្យនោះ ប្រាប់អ្នកហើយនៅ? 

ពាក្យថា "បងស្រលាញ់អូន" ជាពាក្យបីម៉ាត់ ដែលដូចជាធម្មតាបំផុតសម្រាប់អ្នកផ្សេង តែជាពាក្យដែលពិបាកនឹងបានលឺចេញពីមាត់របស់តារានិករ Aquarius បំផុត។ វាដូចជាពាក្យវេទមន្តអញ្ចឹង បើគេនិយាយដាក់នារីម្នាក់ណាហើយ មានន័យថាគេពិតជាស្រលាញ់នារីម្នាក់នោះ អស់ពីបេះដូង ព្រោះគេមិនមែនមនុស្សដែលយកពាក្យនេះ មកលេងសើច ឬចេះតែយកទៅនិយាយញ៉ែស្រី ឲ្យផុតតែពីមាត់ទេ។ គេនិយាយពាក្យនេះ ប្រាប់តែមនុស្សដែលគេស្រលាញ់ពិតប្រាកដតែប៉ុណ្ណោះ។

បើគេជាប្រុសតារានិករ Pisces ♓️ (Feb 19 – Mar 20)

តារានិករនេះ ជាធម្មតាជាមនុស្សពូកែភ្លេច ងាយនឹងធ្វើខុសពាក្យសន្យា ដោយអចេតនា ថែមទាំងមិនសូវពូកែគោរពពេលវេលាទៀត។ តែបើគេកែប្រែ ចងចាំពាក្យសន្យារវាងអ្នកទាំងពីរ ព្យាយាមធ្វើតាមពាក្យសន្យាឲ្យបាន ហើយព្យាយាមមិនយឺតយ៉ាវ មិនឲ្យអ្នករង់ចាំយូរ នោះមានន័យថា អ្នកជាមនុស្សសំខាន់ដែលគេស្រលាញ់ និងមិនចង់ឲ្យអ្នកខកបំណង៕

ប្រភព: YourTango 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T