បរទេស៖ IFFHS ដែលគេស្គាល់ថាជាស្ថាប័នកត់ត្រាប្រវត្តិសាស្ត្រក្នុងវិថីបាល់ទាត់ និងស្ថិតិរបស់កីឡាករក្នុងពិភពលោកបានរាយការណ៍ថា Cristiano Ronaldo បានក្លាយជាកីឡាករទី ១ ក្នុងពិភពលោក ដែលអាចស៊ុតបញ្ចូលទីទៅលើក្រុមចំនួន ២០០ ផ្សេងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Ronaldo បច្ចុប្បន្នគឺជាកីឡាករបាល់ទាត់ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងលោក ពោលគឺចំនួន ៩១៣ គ្រាប់ក្នុងការលេងឱ្យក្រុមចំនួន ៦ ផ្សេងគ្នា រួមមានជម្រើសជាតិ ព័រទុយហ្គាល់, Sporting (លីគព័រទុយហ្គាល់), Manchester United (លីគអង់គ្លេស), Real Madrid (លីគអេស្ប៉ាញ), Juventus (លីគអ៊ីតាលី) និងបច្ចុប្បន្នលេងនៅ Al-Nassr របស់ អារ៉ាប៊ីសាអ៊ូឌីត។
តាមរយៈកំណត់ត្រាខាងលើ IFFHS បានបញ្ជាក់ថា Ronaldo បានស៊ុតបញ្ចូលទីបង្គ្រប់ទៅលើក្រុមទី ២០០ នៅក្នុងអាជីពរបស់ខ្លួន គឺកាលពីជំនួបទល់នឹងក្រុម Al Qadisiyah នៃលីគ Saudi Pro League កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា កន្លងទៅ ដែលពេលនោះគាត់បានស៊ុតបញ្ចូលទី ១ គ្រាប់។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្រុមទាំង ២០០ ដែល Ronaldo បានស៊ុតបញ្ចូលទី ក្នុងនោះមានក្រុមចំនួន ១៥២ ក្រុម ដែលជាក្រុមអាជីព និងក្រុម ៤៨ ផ្សេងទៀតស្ថិតនៅជម្រើសជាតិ៕
ប្រភព៖ IFFHS