បែកគ្នាយូរហើយ ហេតុអ្វីមិនទាន់មានអ្នកថ្មី?

//s9.kh1.co/a9/a9d288e9f58d0d08a6cee1712e34b594af2fd9ea.jpg
កម្លាំងចិត្ត

 ១២-មេសា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

បែកគ្នា ពិតជាត្រូវការពេលវេលាយូរគួរសមដែរ ដើម្បីកាត់់ចិត្ត! មកទល់ពេលនេះ ក៏ដូចជាបែកគ្នាបែកគ្នាយូរដែរហើយ ហេតុអ្វីមិនទាន់មានអ្នកថ្មី?

កម្លាំងចិត្ត ៖ ជាក់ស្ដែងបើនិយាយដល់សំណួរមួយ ដែលបានលើកឡើងថា បែកគ្នាយូរហើយ ហេតុអ្វីមិនទាន់មានអ្នកថ្មី? នោះចម្លើយប្រាកដជាចេញមកថា គឺមានហេតុផលជាច្រើនយ៉ាងណាស់ ដោយវាអាស្រ័យលើ អ្នកដែលធ្លាប់បែកបាក់ស្នេហាផ្ទាល់ ហើយនៅតែប្រើប្រាស់ជីវិតរស់នៅម្នាក់ឯង អស់រយៈពេលយូរគួរសមដែរ បន្ទាប់ពីថ្ងៃបែកគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលយើងបានដឹងស្រាប់ហើយថា គ្មាននរណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនស្រលាញ់នោះទេ។ សម្អាងលើចំណុចនេះ បើការសម្រេចចិត្តបែកគ្នា ធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយរីករាយមែន នោះមនុស្សទូទាំងផែនដីនេះ ប្រាកដជាទាក់ទងគ្នាដើម្បីបែកគ្នាអស់ហើយ មិនមែនត្រដរប្រឹងរកគ្រប់វិធីសាស្រ្តដើម្បីបាននៅរស់នៅជាមួយគ្នា ជួបជុំគូសង្សាររបស់ខ្លួន ឲ្យបានយូរបំផុតនោះទេ។

រូបតំណាង
រូបតំណាង

ហេតុនេះ បើទោះជាចុងក្រោយ លទ្ធផលទៅជាយ៉ាងណា ក៏ត្រូវតែព្រមទទួលយកឲ្យបានដែរ ព្រោះថាអ្នកបានប្រឹងប្រែងថែរក្សាទំនាក់ទំនងមួយនេះ បានល្អបំផុតហើយ តែបើអស់និស្ស័យនឹងគ្នា ដើរដល់ថ្ងៃបែកហើយ មានតែព្យាយាមកាត់ចិត្ត។ ហើយត្រលបមករៀនទទួលស្គាល់ការពិត ទន្ទេញឲ្យចាំក្នុងចិត្តថា ៖ «គ្រប់យ៉ាងសុទ្ធតែប្រែប្រួល ហើយការប្រែប្រួលនេះទៀតសោត គឺជាច្បាប់នៃធម្មជាតិ» គ្មាននរណាម្នាក់ ចង់បែកគ្នានោះទេ មនុស្សគ្រប់គ្នាសុទ្ធតែខ្លាចការឈឺចាប់ ខ្លាចការបែកបាក់ដូចគ្នា ប៉ុន្តែបើអស់ចិត្តហើយ ក៏ព្យាយាមដោះលែងទៅ ព្រោះភាពអំណត់អត់ទ្រាំរបស់អ្នក ក៏មានព្រំដែនកំណត់ដែរ។ ចាត់ទុកថាបើអ្នកទ្រាំទៀត ក៏វាបានតែប៉ុណ្ណឹងឯង ដូច្នេះមិនដឹងជាទ្រាំធ្វើអ្វីទៀត បែកគ្នាក៏ល្អហើយ​!

រឿងពិតបន្ទាប់ពីអ្នកសម្រេចចិត្តបែកគ្នា នោះនឹងមានសំណួរលើកឡើងថា ៖ «បែកគ្នាយូរហើយ ហេតុអ្វីមិនទាន់មានអ្នកថ្មី?» សំណួរនេះដូចជាពិបាកឆ្លើយដែរ ប៉ុន្តែ ហេតុអ្វីបែកគ្នាហើយ ត្រូវទៅរកអ្នកថ្មី?

តើពេលបែកគ្នា ពិតជាត្រូវរកអ្នកថ្មី ដើម្បីមកជំនួសអ្នកចាស់មែនឬ?

ឬក៏នៅរង់ចាំ គេត្រលប់មករកអ្នកវិញ?

អាចថាមិនចង់ផ្ដើមសារជាថ្មី ព្រោះខ្លាចឈឺម្ដងទៀតមែនទេ?

ឬក៏នៅកាត់ចិត្តពីគេ មិនទាន់បាននៅឡើយ? ...

រូបតំណាង
រូបតំណាង

ប្រាកដណាស់ បើមិនមានហេតុក៏មិនមានផលដែរ ដូចនេះបើស្ថិតក្នុងកាលៈទេសៈបែបនេះ គឺអ្នកប្រាកដជាមានចម្លើយជាច្រើនយ៉ាង ទោះបីជាពេលខ្លះគ្រាន់តែជាការចម្លើយដោះសារឲ្យរួចពីមាត់ក៏ដោយ ឬបើមិនចាំបាច់មិនបាច់ឆ្លើយក៏បានដែរ ​ ធ្វើធម្មតាទៅ ឬអាចឆ្លើយខ្លីៗថា ៖ «គ្មានហេតុអ្វីទេ!» តែប៉ុណ្ណឹងបានហើយ បើគេនៅតែជជីកសួរក៏ដើរចេញ រកលេសបញ្ចប់ការសន្ទនា តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរ បើទោះបីជាអ្នករកចម្លើយបកស្រាយប្រាប់គេមិនបាន ប៉ុន្តែអ្នកអាចនឹងមានចម្លើយដ៏សមស្របមួយចំពោះខ្លួនឯងប្រាកដណាស់។ អាចថា «អ្នកមិនចង់រកអ្នកថ្មី ដើម្បីមកជំនួសអ្នកចាស់» ឬអ្នកមុនឡើយ ព្រោះអ្នកយល់ថាមិនគប្បីនឹងអ្នកក្រោយ ឬអ្នកថ្មី ហេតុអ្វីយកគេមកកំដរអ្នក ទាំងដែលគេមិនបានធ្វើអ្វីអ្នកផង គេក៏មានបេះដូង ចេះស្រលាញ់ ចេះឈឺចាប់ដូចជាអ្នកដែរ កុំព្រោះតែចង់បញ្ឈឺរសង្សារចាស់ ចង់ប្រាប់ម្នាក់ដែលបានចាកចេញពីអ្នកថា អ្នករកបានអ្នកថ្មីហើយ ​គេល្អខ្លាំងណាស់ គេធ្វើឲ្យអ្នកញញឹមបានច្រើន... បែបនេះមែនទេ?

បើបែបនេះមែន បានន័យថាអ្នកកំពុងតែបំផ្លាញមនុស្សដែលមិនបានពាក់ព័ន្ធ ឲ្យចូលរួមជាមួយអ្នកដែរហើយ។

វាមិនសមសោះ បើថ្ងៃក្រោយអ្នកថ្មី ដែលអ្នកយកមកជំនួសគេ ដឹងរឿងនេះ គេអាចនឹងបន្ទោសអ្នក ហើយបន្តចាកចេញពីអ្នក ដូចអ្នកចាស់ម្ដងទៀត ព្រោះបើគ្មានការស្រលាញ់ស្មោះត្រង់ពិតទេ គេក៏មិនទ្រាំដែរ។

ប៉ុន្តែក៏អាចមានភាគរយ ដែលអ្នកថ្មីម្នាក់នោះ អាចមិនប្រកាន់អតីតកាលរបស់អ្នក ព្រមទទួលយកគ្រប់យ៉ាងជាខ្លួនរបស់អ្នក ហេតុនេះសូមគិតពិចារណាឡើងវិញ សួរខ្លួនឯងថា តើស្រលាញ់គេឬអត់? បើស្រលាញ់បើកបេះដូងទទួលយកដោយគ្មានមន្ទិល តែបើមិនស្រលាញ់ដោះលែងគេទៅ ទោះជាអាចធ្វើឲ្យភាគីទាំងសងខាងឈឺចាប់ តែក៏ល្អជាងបំផ្លាញទំនុកចិត្តរបស់អ្នកថ្មីដែរ។

រូបតំណាង
រូបតំណាង

មានហេតុផលមួយទៀត អាចថា «អ្នកនៅតែរង់ចាំគេម្នាក់នោះ ត្រលប់មករកអ្នកវិញ» រឿងនេះវាក៏អាចកើតមានខ្លះដែរ មិនមែនបែកគ្នាហើយ សុទ្ធតែអាចបញ្ចប់ផ្ដាច់ទំនាក់ទំនងគ្នាដាច់ភ្លាមៗបាននោះទេ ជួនកាលអ្នកអាចនៅតែចងចាំរឿងល្អៗ អនុស្សាវរីយ៍ពីមុន ដែលធ្លាប់បានសាងរួមគ្នា។ ត្រង់ចំណុចនេះហើយ អាចថាការរំលឹករឿងអតីតកាលពីមុន ធ្វើឲ្យអ្នកចិត្តទន់ ចង់ចាប់ផ្ដើមសារជាថ្មីម្ដងទៀតក៏ថាបាន ហើយសង្ឃឹមថាគេក៏មានគំនិតដូចគ្នានឹងអ្នក។

ក្នុងន័យនេះ បើមិនចង់បាត់បង់គេទេ សូមក្លាហាន ទៅសុំគេត្រូវគ្នាវិញទៅ ជួនកាលគេក៏នៅមានចិត្តដូចអ្នកដែរ កុំចាំឲ្យភាគីម្ខាងទៀតចាប់ផ្ដើមមុន។ ការត្រលប់ទៅសុំត្រូវគ្នាវិញ វាមិនមែនជាកំហុសទេ តែវាជាការទទួលស្គាល់ថាអ្នកពិតជាមិនចង់បាត់បងគេ។

មិនមែនគ្រប់គូដែលធ្លាប់បែកគ្នាហើយ សុទ្ធតែមើលមុខគ្នាមិនចំឯណា ក៏នៅមានផ្លូវអាចត្រលប់មករកគ្នាវិញបានដែរ វាក៏មិនខុសអ្វីពីជីវិតប្ដីប្រពន្ធដែលលែងលះគ្នា ហើយអាចត្រលប់មកត្រូវគ្នាវិញ ដោយការចាប់ផ្ដើមសាងគ្រួសារ សារជាថ្មីម្ដងទៀតនោះទេ ថាមិនត្រូវអាចយល់ចិត្តគ្នា ស្រលាញ់គ្នាជាងមុនទៀតក៏ថាបានដែរ។

រូបតំណាង
រូបតំណាង

ស្របនឹងនេះដែរ ជួនកាលអ្នកក៏អាចមានអារម្មណ៍ថា «មិនចង់ចាប់ផ្ដើមសារជាថ្មី ជាមួយអ្នកណាទាំងអស់» ព្រោះយល់ថា អ្នកដែលចូលមកក្នុងជីវិតអ្នក អាចនឹងដើរចេញពីអ្នកដូចមុនទៀត និងរឹតតែមិនចង់ឲ្យវាកើតឡើងម្ដងទៀតនោះទេ ព្រោះខ្លាចឈឺចាប់ ពិបាកទ្រាំណាស់ ហើយអ្នកក៏មិនព្រមបណ្តោយឲ្យបេះដូងរបស់ខ្លួន រងទុក្ខម្ដងទៀតនោះឡើយ។

កើតជាមនុស្សមានសាច់មានឈាម មានបេះដូង ដឹងក្ដៅ ដឹងត្រជាក់ ដឹងខុស ដឹងត្រូវ ចេះឈឺចាប់ ចេះរីករាយ ចេះកើតទុក្ខដូចគ្នា ហេតុនេះបើធ្លាប់ឆ្លងកាត់បញ្ហាអ្វីមួយ ហើយដឹងថាពិបាកដោះស្រាយ ធ្លាប់ឆ្លងកាត់ជួបរឿងឈឺចាប់ស្អិតដើមទ្រូងពិបាកកាត់ចិត្ត ពិបាកបំភ្លេចហើយនោះ ច្បាស់ជាលែងចង់ជួបទៀត និងមិនចង់ឲ្យមានហេតុការណ៍ដដែលៗបែបនោះ កើតឡើងជាលើកទី២ឡើយ។ រាល់ថ្ងៃនេះ នៅតែឈឺមិនទាន់បាត់ផង បើកើតឡើងម្ដងទៀតបេះដូងដ៏តូចមួយនេះ នឹងទៅជាយ៉ាងណា?

រូបតំណាង
រូបតំណាង

ម៉្យាងវិញទៀត បើជ្រុលជាស្គាល់រសជាតិ ដែលពិបាកទ្រាំ ព្រោះតែស្នេហាបែបនេះហើយនោះ អាចជាចង់សាករស់នៅម្នាក់ឯង ដូចកាលពីមិនទាន់ស្គាល់គេ ចង់រស់នៅប្រើប្រាស់ជីវិតបែប Single ដូចពីមុនវិញម្ដងទៀត។ ឬអ្នកអាចជាភ្ញាក់ខ្លួនថា ពីមុនរស់បានសុខស្រួលណាស់ មិនបាច់ពិបាកតាមទ្រ ឬយកចិត្តគេទេ បើរស់ជាខ្លួនឯងពីមុនម្ដងទៀតបាន នោះច្បាស់ជាល្អហើយ។

ចាត់ទុកថានេះគឺជាបទពិសោធន៍ថ្មីមួយទៅចុះ មេរៀនជីវិតមួយនេះ នឹងសាងផ្លូវដើររបស់អ្នកឲ្យកាន់តែល្អជាងមុន។ ជីវិតត្រូវតែរៀនស្វែងយល់អ្វីៗដែលថ្មី បើមិនសាកច្បាស់មិនដឹងទេ ប៉ុន្តែបើបានដឹងហើយ នៅតែចង់បន្តធ្វើរឿងដដែលៗទៀតនោះ ជីវិតមិនខុសអ្វីពីយកបេះដូងដែលគ្មានដឹងអ្វីសោះ ទៅប្រឡែងលេងនឹងភ្លើង ឲ្យក្ដៅក្រហាយឈឺចាប់ខ្លោចផ្សាម្ដងហើយម្ដងទៀតនោះទេ។

រូបតំណាង
រូបតំណាង

ហេតុនេះរឿងដែលនៅមិនទាន់មានអ្នកថ្មី បន្ទាប់ពីបែកគ្នាយូរហើយ វាគឺជារឿងធម្មតារបស់អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតមានស្នេហាដែលមិនសមប្រកប ដោយហេតុថា ពួកគេមានហេតុផលផ្សេងៗជាច្រើន អាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់សាមីខ្លួនផ្ទាល់។ ពួកគេប្រាកដជាដឹងពីអារម្មណ៍របស់ខ្លួនឯងច្បាស់ ចង់នៅបន្តបែបនេះដល់ពេលណា ឬក៏នៅប្រើជីវិតទំនេរបែបនេះ ដល់ពេលណាតែប៉ុណ្ណឹងឯង។

អ្នកខ្លះចង់ប្រើប្រាស់ជីវិតទំនេរ ដោយមិនទាន់ហ៊ានទទួលយកនរណាម្នាក់ ចូលមករួមដំណើរជាមួយ អ្នកខ្លះក៏មិនអាចកំណត់បានថា នឹងនៅ Single បែបនេះបានយូរប៉ុណ្ណានោះដែរ។ វាអាចនឹងមិនទាន់ដល់ពេលដែលបេះដូងព្រមបើកសារជាថ្មីម្ដងទៀតក៏ថាបាន។

យកល្អបណ្តោយតាមដំណើរទៅ សូមកុំបង្ខំខ្លួនឯងធ្វើអ្វី បើសិនជាព្រហ្មលិខិតពិតជាបានកំណត់មកថា អ្នកត្រូវតែមាននរណាម្នាក់មករស់នៅ កំដរគ្នាដល់ចាស់ នោះគេគង់តែមកដល់ទេ។ បើដល់ថ្ងៃនោះ អ្នកនឹងអរគុណខ្លួនឯងដែលផ្ដល់ឱកាសឲ្យខ្លួនឯងបានរកឃើញសុភមង្គលបែបនេះ ហើយខំថែរក្សាទំនាក់ទំនងបែបនេះ ឲ្យបានល្អបំផុតទៅ ជីវិតអ្នករកបានមនុស្សល្អមិនច្រើនទេ។ សូមជូនពរឲ្យការចាប់ផ្ដើមថ្មីរបស់អ្នកលើកនេះ មានតែស្នាមញញឹមយូរអង្វែង។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ មិនមែនគ្រប់គ្នាសុទ្ធតែមានគូ រស់នៅកំដរភាពចាស់របស់គ្នាទៅវិញទៅមកនោះដែរ ហេតុនេះទោះបីជារស់នៅម្នាក់ឯង ក៏សូមឲ្យគិតថា អ្នកក៏មិនបានប្រើប្រាស់ជីវិតនៅលីវបែបនេះ តែម្នាក់ឯងនៅលើផែនដីនេះដែរ មានមនុស្សជាច្រើនទៀត ដែលប្រើប្រាស់ជីវិតបែបនេះ ដូចជាអ្នក។

សូមរស់នៅជាខ្លួនឯងឲ្យល្អបំផុត អរគុណគ្រប់គ្នាដែលចូលមកក្នុងជីវិតអ្នក ទោះបីជាគេចាកចេញ ទុកឲ្យអ្នកនៅតែម្នាក់ឯងតែក៏ដោយ សរសើរ និងលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន អ្នកពិតជារឹងមាំណាស់ អាចរស់នៅដោយមិនបាច់មានអ្នកណាកំដរ។ រៀនទទួលស្គាល់ការពិត ជួនកាលភាពឯកាអាចមិនមែនជាភាពឯកានោះទេ វាអាចជាសុភមង្គលដ៏ល្អមួយ ជាមួយខ្លួនឯង ក៏ថាបានដែរ។

ជាចុងក្រោយនេះ ទោះជាការសម្រេចចិត្តរបស់អ្នក ចង់ចាប់ផ្ដើម ឬមិនចាប់ផ្ដើម ក៏សូមឲ្យវាជាការសម្រេចដ៏ត្រឹមត្រូវបំផុតរបស់អ្នកទៅចុះ។ រៀនរស់នៅដោយព្រមបើកចិត្តទទួលស្គាល់ការពិត ទទួលស្គាល់ការប្រែប្រួល មិនធ្វើឲ្យខ្លួនឯងលិចលង់ក្នុងអតីតកាលយូរពេកទេ ជីវិតមួយនេះសូមថែរក្សាឲ្យល្អណា ថ្ងៃល្អរបស់កំពុងរង់ចាំអ្នក នៅខាងមុខនោះហើយ៕

រូបតំណាង
រូបតំណាង
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T