បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Espanyol កីឡាករ Martin Braithwaite ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាចង់ទិញយកភាគហ៊ុនអតីតក្លិបរបស់ខ្លួនមួយនេះ បន្ទាប់ពីរូបគេទើបតែចែកផ្លូវគ្នាជាមួយក្លិប អេស្ប៉ាញ មួយនេះកាលពីមួយសប្តាហ៍មុន, នេះបើតាមប្រភពចុះផ្សាយដោយកាសែត អេស្ប៉ាញ Marca។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Braithwaite បានចាកចេញពី Barcelona មកចូលរួមជាមួយ Espanyol កាលពីរដូវក្តៅឆ្នាំ ២០២២ កន្លងទៅ ខណៈនៅរដូវកាលមុន ២០២៣-២០២៤ រូបគេបានចូលរួមចំណែកយ៉ាងសំខាន់ ដោយរកបាន ២២ គ្រាប់ជួយឱ្យ Espanyol ឡើងពីលីគទី ២ មកកាន់កាន់លីគ La Liga ដែលជាលីគទី ១ របស់ អេស្ប៉ាញ វិញ ប៉ុន្តែនៅរដូវកាលថ្មី ២០២៤-២០២៥ នេះ រូបគេបានសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយបានចាកចេញពីក្រុមរបស់ អេស្ប៉ាញ មួយនេះមកចូលរួមជាមួយក្លិប Gremio របស់ ប្រេស៊ីល។

ក្រោយចាកចេញពី Espanyol ភ្លាម អតីតខ្សែប្រយុទ្ធរបស់ Barca រូបនេះ បានធ្វើការលាតត្រដាងវាំងននខ្មៅមួយថា ម្ចាស់ក្លិបជនជាតិចិនលោក Chen Yansheng គឺមិនមានការគោរពចំពោះលោកនោះទេ បន្ទាប់ពីលោកទទូចចង់ចាកចេញពីក្លិបកាលពីរដូវកាលមុន ដើម្បីស្វែងរកក្លិបថ្មីនៅលីគលំដាប់ទី ១ លេង ប៉ុន្តែបែជាត្រូវម្ចាស់ក្លិបរូបនេះបដិសេធមិនឱ្យលោកចាកចេញទៅវិញ។
ហើយឥឡូវនេះតាមប្រភពខាងលើគឺបានអះអាងថា Braithwaite មានបំណងចង់ទិញយកក្លិប Espanyol នេះ គឺដើម្បីកម្ចាត់ម្ចាស់ក្លិបបច្ចុប្បន្នចោល ដែលមិនអនុញ្ញាតឱ្យរូបគេចាកចេញកាលពីរដូវក្តៅមុន៕

ប្រភព៖ Sportbible